សារ​ស្វាគមន៍​របស់​​គេហទំព័រ​ ឥន្ទ​ធនូ​ខ្មែរ

​សួស្តី និង​សូម​ស្វាគមន៍

​សូម​អរគុណ​ចំពោះ​ការ​ទស្សនា​គេហទំព័រ​ ឥន្ទ​ធនូ​ខ្មែរ នៃគម្រោងនិន្នាការ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ("​សូ​ជី​") ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​)​។ ការចាប់អារម្មណ៍​ក្នុង​ការគាំទ្រ​របស់​លោក​អ្នក គឺជា​គុណ​តម្លៃ​ដ៏​សំខាន់ និង​ចាំបាច់​សម្រាប់​កិច្ច​ខំប្រឹងប្រែង​បន្ត​របស់​យើង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ (​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​យើង​បាន​បង្កើត​គេហទំព័រ​សាមញ្ញ​នេះ​ឡើង សម្រាប់​ជា​ប្រភព​ព័ត៌មាន​ដល់​បុគ្គល​ម្នាក់ៗ និង​អង្គការ​នានា​ដែល​ធ្វើកា​រលើ ឬ ចាប់អារម្មណ៍​អំពី​ស្ថានភាព​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។ គេហទំព័រ​នេះ​បាន​ផ្តល់​នូវ​ឯកសារ​មិន​គិតថ្លៃ រួម​មាន​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​នៅ​កម្ពុជា ឯកសារ​បោះពុម្ពផ្សាយ សំខាន់ៗ​ពាក់ព័ន្ធ​នឹង​សិទិ្ធ​អ្នក​ស្រឡាញ់​ភេទដូចគ្នា​ទាំង​នៅក្នុង​កម្ពុជា​និង​អន្តរជាតិ ទិន្នន័យ​ទាក់ទង​នឹង​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ បញ្ជី​ឈ្មោះ​សកម្មជន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​អង្គការ​នានា​នៅ​កម្ពុជា និង​សន្ទានុក្រម​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ព្រមទាំង​ព័ត៌មាន​ជាច្រើន​ទៀត​។ ព័ត៌មាន​ទាំងអស់​ដែល​នៅ​លើ​គេហទំព័រ​នេះ គឺ​ផ្តល់​ដោយ​សេរី និង​អាច​ទាញយក ចែកចាយ​បន្ត​ដល់​អ្នក​ប្រើប្រាស់​ក្នុង​គោលបំណង​សម្រាប់​អប់រំ និង​តស៊ូ​មតិ​នានា​។ យើង​ជម្រុញ​ការចែករំលែក​ចំណេះដឹង និង​កសាង​បណ្តាញ​ដើម្បី​លើកកម្ពស់​ការគោរព​សិទិ្ធ​អ្នក​ស្រឡាញ់​ភេទដូចគ្នា​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក​។

​ក្រុមការងារ សូ​ជី​