​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​មាន​និន្នាការ​នយោបាយ ឯករាជ្យ ឈាន​មុខ​មួយ​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​និង​ការពារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ពិសេស​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។ យើង​ធ្វើ​ការផ្តល់​អំណាច​ដល់​សង្គម​ស៊ីវិល​ដើម្បី​ទាមទារ​សិទ្ធិ​និង ដឹកនាំ​ដើម្បី​ការផ្លាស់ប្តូរ ហើយ​នឹង​តាមរយៈ​ការស្រាវជ្រាវ​និង​ការវិភាគ​យ៉ាង​លម្អិត យើង​បង្កើត​នូវ​គោលនយោបាយ​ថ្មីៗ និង​ធ្វើ​ការតស៊ូ​មតិ​ឲ្យមាន​ការអនុវត្តន៍​។​ ​គម្រោង​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ (​សូ​ជី​) ស្វែងរក និង​ផ្តល់​អំណាច​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​នៅ​កម្ពុជា​ដើម្បី​តស៊ូ​មតិ​សម្រាប់សិ​ទិ្ធ​របស់​ពួកគេ និង​លើកកម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​នៅ​ប្រទេស​ទូ​ទាំង​កម្ពុជា​។

គម្រោង​សូ​ជី​មាន​គោលបំណង​លើកកម្ពស់​ការគោរព​សិទិ្ធ​របស់អ្នក​របស់​ស្រឡាញ់​ភេទដូចគ្នា​តាមរយៈស​កម្ម​ភាព​ស្នូល​ចំនួន​បី​ដូចខាងក្រោម​៖

1. ការចង​បណ្តាញ​៖ សម្រួល​ដល់​បុគ្គល សហគមន៍ សកម្មជន​សិទ្ធិមនុស្ស អង្គការ​មូលដ្ឋាន អង្គការ​ធ្វើការ​តាម​វិស័យ អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​ផ្នែក​ឯកជន និង​ក្រុម​ដទៃ​ទៀត​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​ក្នុង​ការបង្កើត ចងក្រង​បណ្តាញ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្រៅផ្លូវការ​មួយ​នៅ​ប្រទេស​កម្ពុជា​។

2. ការផ្តល់អំណាច​៖ ផ្តល់​អំណាច​ដល់​បណ្តាញ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា តាមរយៈ​ការកសាង​សមត្ថភាព និង​ផ្ទេរ​ចំណេះដឹង និង​ជំនាញ​ដល់​ពួកគាត់ ដើម្បី​ធ្វើការ​រួមគ្នា​លើកកម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

3. ការតស៊ូ​មតិ​៖ លើកកម្ពស់​ការគោរព​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ តាមរយៈ​ការស្រាវជ្រាវ និង​វិភាគ​អំពី​ស្ថានភាព​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ​នៅ​កម្ពុជា និង​តាមរយៈ​ការតស៊ូ​មតិ​ដើម្បី​ធ្វើឲ្យ​សម្រេច​បាន​នូវ​ការទទួលស្គាល់ សិទ្ធិ​ទាំងនេះ​។​

​គេហទំព័រ​គម្រោង​សូ​ជី​

គោលបំណង​នៃ ​គេហទំព័រ​សូ​ជី គឺ​ដើម្បី​ផ្តល់​អោយ​បុគ្គល​និង​ស្ថាប័ន​ដែល​ធ្វើការ​លើ​សិទិ្ធ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា នូវ​ព័ត៌មាន​ដែល​មាន​ដែល​ពាក់ព័ន្ធ​និង​ធនធាន​ទាំងឡាយ និង​ជម្រុញ​អោយមាន​ជា​លក្ខណៈ​ពិសេស​និង​កិច្ចសហប្រតិបត្តិការ​គ្នា​នៅក្នុង​សហគមន៍​។ គេហទំព័រ​នេះ​ក៏​មាន​គោលបំណង​ផ្តល់​នូវ​ព័ត៌មាន​ជុំវិញ​ស្ថានភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ដើម្បី​គៀងគរ​សកម្មភាព ព្រមទាំង​ការពារ​និង​លើកកម្ពស់​សិទិ្ធមនុស្ស​។​

​ម្ចាស់​ជំនួយ​និង​ការគាំទ្រ​

​គម្រោង​សូ​ជី​ទទួល​ការគាំទ្រ​ជា​សប្បុរសធម៌​ដោយ​ សមាគម​ស៊ុយអែត​សម្រាប់​ការអប់រំ​ផ្លូវភេទ​(Swedish Association for Sexuality Education). សមាគម​ស៊ុយអែត​សម្រាប់​ការអប់រំ​សុខភាព​ផ្លូវភេទ​គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ដែល​ធ្វើការ​លើ​វិស័យ​សុខភាព​ផ្លូវភេទ​បន្ត​ពូជ​និង​សិទិ្ធ​។​